ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ស្វាគមន៍ និងសូមជូនពរដល់លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា សូមទទួលបានជោគជ័យនៅក្នុងការបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានតំាងពីយូរលង់ណាស់មកហើយ រវាងប្រទេសនិងប្រជាជនទំាង ពីរឱ្យកាន់តែរឹងមាំថែមទៀតលើគ្រប់វិស័យ។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាបានជ្រាបផងដែរ អំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេសអំពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឆ្លាតវៃ និងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមេបញ្ជាការផ្ទាល់នៃសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាពឆ្លើយតបទៅនឹងការឆ្លងជំងឺនេះ ជាបន្តបន្ទាប់។ ឯកឧត្តមបានបន្តថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាក្តីសង្ឈឹមរបស់ពិភពលោកទាំងមូល ដើម្បីអាចយកឈ្នះជំងឺដ៏កាចសាហាវនេះ។ ដូចនេះហើយ ទើបរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ក្នុងការចាត់ទុកវ៉ាក់សាំងជាតម្រូវការជាយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការប្រយុទ្ធ និងឈានទៅលុបបំបាត់ជំងឺកូវីដ-១៩។
ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានធ្វើការពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីកម្ពុជាអាចទិញ និងទទួលបានវ៉ាក់សាំងនេះ បានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ស្របទៅតាមផែនការលទ្ធកម្មទិញវ៉ាក់សាំង និងផែនការកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់កម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក ពាក់ព័ន្ធឹបញ្ហាតំបន់ ពិសេសបញ្ហាភូមិសាស្រ្តនយោបាយមួយចំនួន ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរ ទាំងនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទេ្វភាគី និងទាំងនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ២០០២ មកទល់នឹងខែមករាឆ្នាំ២០២១ នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាបានផ្តល់ឥណទានសម្បទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុបចំនួន ១១២ ១២០ ០០០ ដុល្លារអាមេរិក ក្នុងនោះ ឥណទានសរុបចំនួន ៦៣ ២៦៦ ៩៥៩ ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់ ស្មើនឹងប្រមាណ ៥៦,៤២% នៃទំហំឥណទានសរុប ដោយមានគម្រោងចំនួន ០២ កំពុងតែដំណើរការ (គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឺងស្វាហាប់ និងគម្រោងអភិវឌ្ឍន៍ធនធានទឹកតាសាល) និង គម្រោងចំនួន ៣ ត្រូវបានអនុវត្តបញ្ចប់រួចរាល់ជាស្ថាពរ (គម្រោងសាងសង់ខ្សែបណ្តាញថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ kV ក្រចេះ-ខេត្តស្ទឹងត្រែង, គម្រោងផ្គត់ផ្គង់ម៉ាស៊ីនបូមទឹក និងគម្រោងស្តារប្រព័ន្ធធារាសាស្រ្តបារាយណ៍ខាងលិច)។
ដោយ៖ បូ សល់