ឪឡឹកជាផ្លែឈើដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរ ដោយសារវាមានរសជាតិឆ្ងាញ់ និងអាចកាត់បន្ថយការស្រេកទឹក។ ជាការពិតណាស់ ផ្លែឪឡឹកគឺស្ថិតក្នុងចំណោមកំពូលផ្លែឈើផ្តល់សុខភាពល្អមួយនៅលើពិភពលោក ដែលមានគុណសម្បត្តិព្យាបាលរោគាមួយចំនួន។ ឪឡឹកគឺផ្ទុកទៅដោយសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដូចជា សារធាតុ Thiamine, Riboflavin, Naichin, វីតាមីន B6, Folate, Pantothenic Acid, Selenium, Choline, Lycopene និង Betaine។ យោងតាមក្រុមប្រឹក្សាជំរុញផ្សព្វផ្សាយឪឡឹកជាតិរបស់អាមេរិក ផ្លែឪឡឹកផ្ទុកសារធាតុ Lycopene ច្រើនជាងបន្លែឬផ្លែឈើទាំងឡាយនៅលើពិភពលោក។
អ្វីដែលលោកអ្នកមិននឹកស្មានដល់នោះគឺថា ឪឡឹកមានគុណសម្បត្តិជាឱសថធម្មជាតិព្យាបាលរោគ ៧ មុខឯណោះ៖
១. បញ្ចុះសម្ពាធឈាម៖ សមាសភាគនៃប៉ូតាស្យូម និងម៉ាញេស្យូមក្នុងឪឡឹកអាចជួយកាត់បន្ថយសំពាធឈាម។
២. ទប់ស្កាត់ជំងឺបេះដូង៖ ក្នុងផ្លែឪឡឹកមានសារធាតុអាស៊ីដអាមីណូ ហើយអាស៊ីដប្រភេទនេះ ត្រូវបានប្រើក្នុងការផលិតនីត្រូសែនអុកស៊ីតដែលជួយសម្រួលសរសៃឈាម។ ដូច្នេះឪឡឹកមានប្រយោជន៍ខ្លាំងណាស់នៅក្នុងការការពារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង។
៣. គ្រប់គ្រងកម្រិតជាតិស្ករ៖ ឪឡឹកគឺជាផ្លែឈើដែលមានកាឡូរីកម្រិតទាបនៅក្នុងនោះ និងមានមានជាតិខ្លាញ់ធម្មជាតិ ដូច្នេះសូមកុំបារម្ភថានឹងឡើងទម្ងន់ពេលទទួលទានវា។
៤. ជំរុញនិងពង្រឹងប្រព័ន្ធភាពស៊ាំ៖ ជាតិអាល់កាឡាំងនៅក្នុងឪឡឹក អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយដ៏ច្រើនលើសលប់ ជាពិសេសអាចធ្វើឱ្យអ្នកចៀសឆ្ងាយពីជំងឺផ្សេងៗបានផងដែរ។
៥. ពង្រឹងឆ្អឹងរបស់អ្នកឱ្យរឹងមាំ៖ វីតាមីន C និងសារធាតុ Beta-Carotene នៅក្នុងផ្លែឪឡឹកអាចជួយកាត់បន្ថយអាការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយ ជាពិសេសរលាកសន្លាក់ឆ្អឹងតែម្តង។ ម្យ៉ាងវិញទៀត វាថែមទាំងអាចជួយការពារសុខភាពឆ្អឹងឱ្យរឹងមាំផងដែរ។
៦. ជំរុញថាមពលក្នុងរាងកាយ (ជាពិសេសសមត្ថភាពផ្លូវភេទរបស់បុរស)៖ ការពិសោធន៍បានធ្វើឡើងនៅទីក្រុង New Delhi បានបង្ហាញថាឪឡឹកអាចបង្កើនចំនួនមេជីវិតឈ្មោល និងសមត្ថភាពផ្លូវភេទ ជាពិសេសបានកែលំអរចនាសម្ព័ន្ធរបស់មេជីវិតឈ្មោល។
៧. លាងសម្អាតក្រលៀន៖ ឪឡឹកមានសមត្ថភាពល្អដូចទឹកដូងអីចឹងដែរ។ ការបរិភោគឪឡឹកអាចសំអាតតម្រងនោម និងប្លោកនោម។ ដូចនេះប្រសិនបើអ្នកទទួលរងជំងឺគ្រួសក្នុងតម្រងនោម ឪឡឹកអាចជួយអ្នកបាន។
ដោយ៖ អាពេជ្រ