តើអ្នកដឹងទេថាជារៀងរាល់ឆ្នាំមនុស្សជិត ៨០០ ០០០ នាក់បានសំលាប់ខ្លួនហើយមានមនុស្សជាច្រើនទៀតដែលប៉ុនប៉ងធ្វើអត្តឃាត។ រាល់ការធ្វើអត្តឃាតគឺជាសោកនាដកម្មមួយដែលជះឥទ្ធិពលដល់គ្រួសារសហគមន៍និងប្រទេសទាំងមូលនិងមានឥទ្ធិពលយូរអង្វែងលើប្រជាជនដែលនៅសេសសល់។ លើសពីទៅទៀតការធ្វើអត្តឃាតគឺជាមូលហេតុចម្បងមុខគេទី ២ នៃការស្លាប់ក្នុងចំណោមក្មេងអាយុពី ១៥-២៩ ឆ្នាំនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៦ ។ការធ្វើអត្តឃាតនេះទៀតសោតមិនមែនកើតឡើងចំពោះតែមនុស្សក្នុងវ័យណាមួយនោះទេ គឺវាអាចកើតឡើងទៅមនុស្សគ្រប់វ័យ។
វាពិបាកក្នុងការស្រមៃមើលថាមូលហេតុអ្វីដែលនាំឱ្យមិត្តភក្តិ សមាជិកគ្រួសារ ឬអ្នកល្បីល្បាញធ្វើអត្តឃាត។ ប្រហែលជាមិនមានសញ្ញាព្រមានច្បាស់លាស់ទេ ហើយអ្នកប្រហែលជាឆ្ងល់ហើយថាតើកត្តាអ្វីខ្លះដែលនាំអោយមនុស្សមនុស្សម្នាក់សម្រេចចិត្តធ្វើអត្តឃាត។ ជារឿយៗមានកត្តាជាច្រើនផ្សំគ្នាដែលអាចដឹកនាំអោយមនុស្សម្នាក់ហ៊ានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនបាន។
១ ជំងឺផ្លូវចិត្ត
មនុស្សភាគច្រើនធ្វើការសម្រេចចិត្តធ្វើអត្តឃាតភ្លាមៗដោយមិនបានគិតទុកជាមុននោះទេ។ ខណៈពេលដែលមានកត្តាជាច្រើនដែលអាចជះឥទ្ធិពលដល់ការសម្រេចចិត្តធ្វើអត្តឃាតរបស់មនុស្សម្នាក់នោះកត្តាទូទៅបំផុតគឺការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ (Severe Depression) ។ ការធ្លាក់ទឹកចិត្តអាចធ្វើឱ្យមនុស្សមានអារម្មណ៍ឈឺចាប់ខ្លាំងនិងបាត់បង់ក្តីសង្ឃឹមដែលធ្វើឱ្យពួកគេមិនអាចមើលឃើញវិធីផ្សេងទៀតដើម្បីបន្ថយការឈឺចាប់ក្រៅពីនេះគឺបញ្ចប់ជីវិតខ្លួនឯង។យោងទៅតាមមូលនិធិអាមេរិចសម្រាប់ទប់ស្កាត់ការធ្វើអត្តឃាតបានអោយដឹងថា ការធ្លាក់ទឹកចិត្តមានវត្តមានប្រហែលជាពាក់កណ្តាលនៃការធ្វើអត្តឃាត។
២ ភាពតក់ស្លុតឬការប៉ះទង្កិចផ្លូវចិត្តធ្ងន់ធ្ងរ
មនុស្សដែលធ្លាប់មានបទពិសោធន៍ក្នុងការជួបរឿងដែលតក់ស្លុតដូចជា ការរំលោភបំពានផ្លូវភេទកាលពីកុមារភាព ការរំលោភផ្លូវភេទ ការរំលោភបំពានលើរាងកាយ ឬការប៉ះទង្គិចពេលសង្គ្រាមគឺមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាតសូម្បីតែច្រើនឆ្នាំក្រោយពីការជួបរឿងតក់ស្លុតនោះក៏ដោយ។ ប្រសិនបើមានបញ្ហាស្ត្រេសក្រោយពីការប៉ះទង្គិចផ្លូវចិត្ត Post-Traumatic Stress Disorder (PSTD) ឬជួបឧប្បត្តិហេតុជាច្រើនដែលធ្វើអោយប៉ះទង្គិចដល់ផ្លូវចិត្តនោះនឹងបង្កើនហានិភ័យបន្ថែមទៀត។ នេះគឺជាផ្នែកមួយដោយសារតែការធ្លាក់ទឹកចិត្តគឺជារឿងធម្មតាដែលអាចកើតឡើងបន្ទាប់ពីការប៉ះទង្គិចផ្លូវចិត្តនិងក្នុងចំណោមអ្នកដែលមានជម្ងឺ ភីធីអេសឌី ដែលបង្កឱ្យមានអារម្មណ៍ថាគ្មានអ្នកណាអាចជួយពួកគេបាននិងអស់សង្ឃឹមក្នុងជីវិតដែលអាចនាំឱ្យមានការធ្វើអត្តឃាត។
៣ ការប្រើប្រាស់សារធាតុញៀននិងគ្រឿងស្រវឹង
សារធាតុញៀននិងគ្រឿងស្រវឹងក៏អាចជះឥទ្ធិពលដល់មនុស្សម្នាក់ដែលមានអារម្មណ៍ចង់ធ្វើអត្តឃាតធ្វើឱ្យពួកគេឆាប់ខឹងនិងទំនងជាធ្វើតាមការជម្រុញរបស់ចិត្តពួកគេជាងពេលដែលពួកគេនៅដឹងខ្លួន។ ការប្រើប្រាស់សារធាតុញៀននិងគ្រឿងស្រវឹងអាចរួមចំណែកដល់ហេតុផលផ្សេងទៀតដែលមនុស្សធ្វើអត្តឃាតដូចជា ការបាត់បង់ការងារនិងទំនាក់ទំនង។
៤ ការបាត់បង់ឬការភ័យខ្លាចក្នុងការបាត់បង់
មនុស្សម្នាក់អាចសំរេចចិត្តបញ្ចប់ជីវិតរបស់ពួកគេបាននៅពេលប្រឈមនឹងការបាត់បង់ឬការភ័យខ្លាចក្នុងការបាត់បង់អ្វីមួយ។ ស្ថានភាពទាំងនេះអាចរួមមាន៖ ការបរាជ័យក្នុងការសិក្សា កំពុងត្រូវបានគេចាប់ខ្លួនឬជាប់ពន្ធនាគារ ការសម្លុត ទទួលរងភាពអាម៉ាស់ឬការប្រមាថ រួមបញ្ចូលទាំងការគំរាមកំហែងតាមអ៊ីនធឺណិត បញ្ហាហិរញ្ញវត្ថុ ការបាត់បង់មិត្តភាព ឬទំនាក់ទំនងស្នេហា ការបាត់បង់ការងារ ការបាត់បង់មិត្តភក្តិឬការទទួលយកពីគ្រួសារដោយសារការបង្ហាញពីទំនោរផ្លូវភេទរបស់អ្នក និងការបាត់បង់ឋានៈក្នុងសង្គម ជាដើម។
៥ ភាពអស់សង្ឃឹម
ភាពអស់សង្ឃឹមមិនថាក្នុងរយៈពេលខ្លីឬយូរនោះទេត្រូវបានគេរកឃើញនៅក្នុងការសិក្សាជាច្រើនថាវាបានចូលរួមចំណែកក្នុងការសម្រេចចិត្តធ្វើអត្តឃាត។ មនុស្សនោះអាចប្រឈមនឹងបញ្ហាសង្គមឬរាងកាយហើយប្រហែលជាមិនឃើញថាស្ថានភាពអាចប្រសើរឡើងបានទេ។ នៅពេលដែលមនុស្សមានអារម្មណ៍ថាពួកគេអស់សង្ឃឹមហើយមិនមានអារម្មណ៍ផ្លាស់ប្តូរ នោះរឿងរ៉ាវល្អៗក្នុងជីវិតនឹងត្រូវបានអារម្មណ៍នោះបាំងហើយធ្វើឱ្យការធ្វើអត្តឃាតហាក់ដូចជាជម្រើសដែលអាចទទួលយកបាន។
៦ ការឈឺចាប់រ៉ាំរ៉ៃនិងជំងឺដែលដល់ដំណាក់កាលចុងក្រោយ
ប្រសិនបើមនុស្សម្នាក់មានការឈឺចាប់រ៉ាំរ៉ៃឬជំងឺដែលគ្មានក្តីសង្ឃឹមក្នុងការព្យាបាលឬរួចផុតពីការរងទុក្ខនោះទេ ការធ្វើអត្តឃាតអាចហាក់ដូចជាវិធីដើម្បីទទួលបានសេចក្តីថ្លៃថ្នូរនិងការគ្រប់គ្រងជីវិតរបស់ពួកគេ។ នៅប្រទេសឬរដ្ឋខ្លះការជួយធ្វើអត្តឃាតគឺស្របច្បាប់សម្រាប់ហេតុផលនេះ។
យោងតាមការសិក្សាមួយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្តអាមេរិចកាំងបានបញ្ជាក់ថាស្ថានភាពសុខភាពខ្លះត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការធ្វើអត្តឃាតដែលមានដូចជា ជំងឺហឺត ឈឺខ្នង របួសខួរក្បាល មហារីក ជំងឺស្លាក់ឈាម ជំងឺទឹកនោមផ្អែម ជំងឺឆ្កួតជ្រូក អេដស៍ / ជំងឺអេដស៍ ជំងឺបេះដូង សម្ពាធឈាមខ្ពស់ ជំងឺឈឺប្រកាំង ជំងឺផាកឃីនសុន ជាដើម។
ជំងឺឬការឈឺចាប់រ៉ាំរ៉ៃក៏អាចនាំឱ្យមានការថប់បារម្ភនិងការធ្លាក់ទឹកចិត្តផងដែរដែលអាចបង្កើនហានិភ័យនៃការធ្វើអត្តឃាតរបស់អ្នកផងដែរ។ យោងតាមការស្រាវជ្រាវមនុស្សដែលមានការឈឺចាប់រ៉ាំរ៉ៃងាយនឹងមានជំងឺធ្លាក់ទឹកចិត្តឬការថប់បារម្ភជាងអ្នកដែលគ្មានជំងឺឬការឈឺចាប់រុំារ៉ៃ។
៧ ជំនឿដែលគិតថាជីវិតរបស់អ្នកគឺជាបន្ទុកដល់អ្នកដទៃ
អ្នកដែលមានការឈឺចាប់រ៉ាំរ៉ៃឬមានជម្ងឺនៅដំណាក់កាលចុងក្រោយក៏អាចមានអារម្មណ៍ដូចជាបន្ទុកដល់អ្នកដទៃដែរព្រោះវាកាន់តែពិបាកទៅនិងពិបាកទៅក្នុងការស្នើសុំការធ្វើដំណើរផ្សេងទៀតទៅការិយាល័យគ្រូពេទ្យឬជំនួយបន្ថែមទៀតសម្រាប់ភារកិច្ចក្នុងគ្រួសារឬជំនួយក្នុងការបង់ថ្លៃមន្ទីរពេទ្យ។តាមពិតមនុស្សជាច្រើនដែលសម្រេចចិត្តធ្វើអត្តឃាតច្រើនតែនិយាយថា មនុស្សជាទីស្រលាញ់របស់ពួកគេឬពិភពលោកជាទូទៅនឹងមានភាពល្អប្រសើរបើគ្មានពួកគេ។ពាក្យសម្តីប្រភេទនេះគឺជាសញ្ញាព្រមានទូទៅនៃការធ្វើអត្តឃាត។ មនុស្សច្រើនតែមើលខ្លួនឯងថាជាបន្ទុកដល់អ្នកដទៃឬមានអារម្មណ៍ថាខ្លួនគ្មានតម្លៃដោយសារបន្ទុកអារម្មណ៍ដ៏លើសលប់ដែលពួកគេមាននៅក្នុងខ្លួន។
៨ ភាពឯកោក្នុងសង្គម
មនុស្សម្នាក់អាចក្លាយជាមនុស្សឯកោក្នុងសង្គមដោយសារហេតុផលជាច្រើនរួមមានការបាត់បង់មិត្តភ័ក្ត្រ ប្តីឬប្រពន្ធ ការបែកគ្នាឬការលែងលះមានបញ្ហារាងកាយឬផ្លូវចិត្ត ការថប់បារម្ភក្នុងសង្គម ការចូលនិវត្តន៍ឬដោយសារការផ្លាស់ប្តូរទីតាំងថ្មី។ ភាពឯកោក្នុងសង្គមក៏អាចបណ្តាលមកពីកត្តាផ្ទៃក្នុងដូចជាការអោយតម្លៃខ្លួនឯងទាប។ នេះអាចនាំឱ្យមានភាពឯកានិងកត្តាហានិភ័យដទៃទៀតនៃការធ្វើអត្តឃាតដូចជាការធ្លាក់ទឹកចិត្ត និងការប្រើប្រាស់គ្រឿងស្រវឹងឬសារធាតុញៀនខុស។
៩ ការយំស្វែងរកជំនួយ
ពេលខ្លះមនុស្សប៉ុនប៉ងធ្វើអត្តឃាតមិនមែនព្រោះពួកគេពិតជាចង់ស្លាប់មែននោះទេប៉ុន្តែដោយសារពួកគេមិនដឹងពីវិធីជួយ។ ការប៉ុនប៉ងធ្វើអត្តឃាតមិនមែនជាការយំដើម្បីទាមទារចំណាប់អារម្មណ៍នោះទេតែជាការស្រែករកជំនួយ។ វាក្លាយជាមធ្យោបាយមួយដើម្បីបង្ហាញដល់ពិភពលោកថាតើពួកគេឈឺចាប់ប៉ុណ្ណា។ជាអកុសលការស្រែករកជំនួយពេលខ្លះអាចបង្ហាញថាអាចមានគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមនុស្សនោះជ្រើសរើសវីធីសាស្ត្រខុស។ អ្នកដែលប៉ុនប៉ងហើយបរាជ័យក៏មានហានិភ័យខ្ពស់ក្នុងការព្យាយាមម្តងទៀតដែរហើយការប៉ុនប៉ងលើកទីពីររបស់ពួកគេទំនងជាមានគ្រោះថ្នាក់រហូតដល់ស្លាប់មែនទែន។
សរុបសេចក្ដីមក ពេលខ្លះអ្នកប្រហែលជាអាចមិនដឹងទេថាហេតុអ្វីបានជាមនុស្សម្នាក់ធ្វើអត្តឃាតខណៈពេលដែលពួកគេមានអ្វីគ្រប់យ៉ាងក្នុងជីវិតដើម្បីរស់នៅប៉ុន្តែសម្រាប់ការគិតរបស់ពួកគេប្រហែលជាមិនដូចអ្នកគិតនោះទេ។ ជាសារផ្តល់ដល់មិត្តអ្នកអានគ្រប់គ្នាថា កុំសោកស្តាយនៅពេលដែលបាត់បង់ អ្វីគ្រប់យ៉ាងនៅលើលោកនេះវាមិនងាយស្រួលដូចការគិតនោះទេ មនុស្សដែលរីករាយបំផុតក៏អាចជាមនុស្សដែលសោកសៅបំផុតផងដែរ ដូច្នេះសូមកុំមើលរំលងអ្នកដែលស្វែងរកជំនួយពីអ្នកក្នុងការដោះស្រាយបញ្ហា សូមបើកចិត្តអោយទូលាយក្នុងការស្តាប់និងផ្តល់ជាពាក្យលើកទឹកចិត្តចំពោះពួកគេ ឬក៏អាចស្វែងរកជំនួយតាមរយៈការទៅជួបផ្ទាល់ជាមួយគ្រូពេទ្យជំនាញនៅពេលអ្នកដែលមានបញ្ហាផ្លូវចិត្តឬជួបអ្នកដែលមានបញ្ហាផ្លូវចិត្ត។
ដោយ៖ បូ សល់