(Reuters)៖នៅថ្ងៃចន្ទទី០១ ខែកុម្ភៈឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានក្តោបក្តាប់អំណាចទាំងស្រុង ក្រោយការធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងដែលត្រូវពលរដ្ឋមីយ៉ាន់ម៉ាជ្រើសរើសឱ្យដឹកនាំប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យ ។ អ្នកស្រី និងថ្នាក់ដឹកនាំគណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យត្រូវចាប់ឃុំខ្លួននៅព្រឹកថ្ងៃចន្ទនេះ ។

ក្រោយឮដំណឹងនេះ ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅប្រទេសថៃជាច្រើននាក់បាននាំគ្នាទៅធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ ដោយលើកបដារូបអ្នកស្រី Aug San Suu Kyi ដែលយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ។

ពូកបាតុករនាំគ្នាស្លៀកសំលៀកបំពាក់ពណ៌ក្រហម ដែលជាពណ៌តំណាងឱ្យគណៈបក្យសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី ស៊ូជី បានធ្វើបាតុកម្មដោយលើកបដាដាក់រូបអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាអមដោយពាក្យថា “គួរឱ្យខ្មាស់គេណាស់ ជនផ្តាច់ការ” ។

បាតុករម្នាក់បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃ “ព្រឹកមិញ ពេលខ្ញុំភ្ញាក់ពីដំណេកភ្លាមស្រាប់តែបានឃើញព័ត៌ផ្សាយថា អ្នកម៉ែស៊ូជីត្រូវពួកយោធាចាប់ខ្លួនហើយ ។ ខ្ញុំចង់ឱ្យពួកគេដោះលែងគាត់ ។ របបយោធាបានគ្រប់គ្រងប្រទេសយើងជាង៥០ឆ្នាំមកហើយៗយើងក៏បានឈឺចាប់គ្រប់គ្រាន់ហើយដែរ ។”

ប៉ូលិសបង្រ្កាបបាតុករប្រមាណជា១០បានព្យាយាបបំបែកហ្វូងបាតុករហើយបានប៉ះទង្គិចគ្នាបន្តិចជាមួយក្រុមអ្នករៀបចំបាតុកម្ម ។

អ្នកនាំពាក្យនរគបាលថៃបានថ្លែងថា បាតុករបួនប្រាំនាក់ត្រូវឃាត់ខ្លួនដើម្បីសួរចម្លើយ ក្រោយពីពួកបាតុករបានគប់ដុំថ្ម និងគ្រាប់បែកផ្សែង ។

នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា មិនបានធ្វើសេចក្តីអធិប្បាយណាមួយពាក់ព័ន្ធទៅនឹងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាឡើយ ។ តែលោក ប្រាវីដ វង្សស៊ូវ៉ាន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃបានថ្លែងថា “បញ្ហានេះជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា” ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានប្រាប់អ្នកសារព័ត៌មានថា “ថៃសង្ឃឹមថាស្ថានការណ៍បច្ចុប្បន្ននឹងត្រូវដោះស្រាយដោយសន្តិភាព ហើយនឹងត្រឡប់ទៅរកភាពធម្មតាវិញឆាប់ៗ “ ។

ដោយ៖ បូ សល់