កំពង់ស្ពឺ៖ យុវជនវ័យក្មេងមួយរូបនៅខេត្តកំពង់ស្ពឺ មានគំនិតច្នៃប្រឌិតអាចម៍រណា ធ្វើជាធ្យូងអនាម័យ ដើម្បីប្រើប្រាស់ ក្នុងការចម្អិនអាហារប្រចាំថ្ងៃដែលមានផលចំណេញច្រើន ហើយជួយការពារបរិស្ថានថែមទៀតផង។
យុវជន វ័យអាយុ២៧ឆ្នាំ មានឈ្មោះ លី សុវណ្ណដា រស់នៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានបើកសិប្បកម្មកែច្នៃអាចម៍រណានេះ យកមកធ្វើជាធ្យូងអនាម័យជាង១ឆ្នាំហើយ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាការនាំចេញទៅកាន់រាជធានីខេត្តផ្សេងៗទៀត។ លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការ ផលិតធ្យូងអនាម័យ គឺបានសិក្សាតាមប្រពន្ធអ៊ីនធើណិត និងបានការផ្ដល់មតិយោបល់ពីមិត្តភក្តិ ក៏ដូចជាការស្វែងយល់ចំណេះវិជ្ជាខ្លះៗ ពីជនជាតិចិន ដែលគាត់ធ្លាប់បានធ្វើការជាមួយ។ លោកបានបន្ថែមថាមូលហេតុដែលលោកបើកសិប្បកម្មកែច្នៃអាចម៍រណានេះ មកធ្វើធ្យូងអនាម័យ ដោយលោកក្រឡេកឃើញបច្ចុប្បន្នធ្យូងអនាម័យកំពុងមានទីផ្សាល្អ ហើយលោកចង់រួមចំណែក កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ យកមកផលិតជាធ្យូង។
“មូលហេតុធំ ដោយសារតែខ្ញុំមើលឃើញអាចម៍រណាតាមសិប្បកម្ម គេយកទៅចោលអត់មានតម្រូវការច្រើនទេ អ៊ីចឹងទើបខ្ញុំយល់គួរតែមានអ្វីយកវាទៅប្រើឱ្យអស់ក៏សិក្សារឿងធ្យូងហ្នឹងហើយណាមួយទៀតចង់ឱ្យមានផលិតផលមួយជំនួសធ្យូងព្រៃយើងដោយការកាប់បំផ្លាញព្រៃឈើពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងច្រើន”។
លោកបានបន្តទៀតថា ក្នុងមួយខែលោកអាចផលិតធ្យូងអនាម័យបានប្រមាណ ពី១០ទៅ១៥តោន និងអាចរកចំណូលបាន ពីចន្លោះ៤០០០ដុល្លារទៅ៥០០០ដុល្លារក្នុងមួយខែ។ ក្នុងនោះដែរ លោកក៏មានម៉ូយទិញ ពីខេត្តកោះកុង និងខេត្តព្រះសីហនុ ជាប្រចាំផងដែរ ៕
ប្រភព៖ ក្រសួងព័ត៌មាន